Friday, December 11, 2009
Robam Preah Reach Trob
Posted by
Dina
at 8:54 PM
របាំព្រះរាជទ្រព្យ គឺជាមរតកវប្បធម៌ខ្មែរដែលកាត់ថ្លៃពុំបាន !
ភ្នំពេញ : ជាតិសាសន៍នីមួយៗ មុនបានក្លាយទៅជាជាតិសាសន៍ លុះត្រាតែមានវប្បធម៌ អារ្យធម៌របស់ខ្លួនផ្ទាល់ បើពុំដូច្នោះទេនឹងពុំអាចរក្សានូវអត្តសញ្ញាណដើមរបស់ជាតិខ្លួនបានឡើយ ពោលគឺសតិសម្បជញ្ញៈជាតិ ដែលជាការចងចាំមួយដែលមានលក្ខណៈជាប្រវត្តិសាស្ត្រ ។
នាដើមសតវត្សរ៍ទី១ នៃគ្រិស្តសករាជជាតិសាសន៍ខ្មែរបានទទួលឥទ្ធិពលវប្បធម៌ឥណ្ឌាតាមរយៈវិស័យពាណិជ្ជកម្មអន្តរជាតិ ហើយបានកែច្នៃប្រឌិតនូវអ្វីៗដែលមកពីក្រៅ ដើម្បីឲ្យសមស្របតាមប្រពៃណីទម្រង់ ឬខ្នាតវប្បធម៌ អារ្យធម៌ជាតិរបស់ខ្លួន ។ កត្តានេះជាគ្រឹះមូលដ្ឋាននៃដួងវិញ្ញាណជាតិ ព្រោះជាសញ្ញាសម្គាល់នូវលក្ខណៈសំយោគពិសេសរបស់វប្បធម៌នៃជាតិសាសន៍ខ្មែរ ។
ក្នុងន័យនេះ របាំព្រះរាជទ្រព្យ ក៏ដូចរបាំប្រពៃណីជាតិមួយចំនួនឯទៀតដែរ ដែលកើតឡើងក្នុងអតីតកាលដ៏យូរលង់ ត្រូវបានជាតិសាសន៍ខ្មែរ ថែរក្សាឲ្យបានគង់វង្សរហូតដល់សព្វថ្ងៃ ។ ទាំងនេះជាមរតកវប្បធម៌ខ្មែរ ដែលកាត់ថ្លៃពុំបាន ។ ថ្វីត្បិតតែសិល្បករ សិល្បការិនីពីជំនាន់មួយទៅជំនាន់មួយ ត្រូវផ្លាស់ប្តូរជាបន្តបន្ទាប់ក៏ដោយ ក៏ប៉ុន្តែបច្ចេកទេសសិល្បៈនៃរបាំព្រះរាជទ្រព្យ ពុំបានផ្លាស់ប្តូរ ឬកែទម្រង់ឡើយ ។
លោកបណ្ឌិត មីសែល ត្រាណេ បានស្រាវជ្រាវរកឃើញថា ប្រកពនៃរបាំព្រះរាជទ្រព្យខ្មែរ ត្រូវផ្សារភ្ជាប់ទៅនឹងប្រាង្គប្រាសាទ និងចម្លាក់សិលានៃអតីតព្រះរាជាណាចក្រកម្ពុជាទាំងមូល ដែលមានទឹកដីដ៏មហាធំធេងអស្ចារ្យ ហើយម្យ៉ាងទៀត ឫសកែវនៃរបាំព្រះរាជទ្រព្យ ត្រូវផ្សារភ្ជាប់នឹងរបបរាជានិយម និងព្រហ្មមញ្ញសាសនា ដោយហេតុថា មរតកអរូបីនេះ គឺជាមធ្យោបាយពង្រឹងអំណាចកិត្យានុភាព និងព្រះជ័យចេស្តារបស់ព្រះមហាក្សត្រខ្មែរបុរាណ ។ កាយវិការ និងក្បាច់រាំ ព្រមទាំងសម្លៀកបំពាក់របស់អ្នករាំ ឬស្រីទេពអប្សរជាដើមនាសម័យបច្ចុប្បន្ននេះ អាចប្រដូចស្ទើរតែគ្រប់ជ្រុងជ្រោយទាំងអស់ ទៅនឹងឥរិយាបថនៃចម្លាក់បុរាណ នៅលើជញ្ជាំងប្រាសាទអង្គរវត្ត បាយ័ន នៅសៀមរាប ឬប្រាសាទភិមាឃនៅថៃសព្វថ្ងៃ ។ រីឯរបាំ និងតូរ្យតន្ត្រីវិញ ក៏មានលក្ខណៈបុរាណដែរ ។
និយាយអំពីប្រភពនៃរបាំព្រះរាជទ្រព្យខ្មែរដឹងថា ដើមឡើយរបាំនេះមានលក្ខណៈពិសិដ្ឋ ដែលត្រូវបានប្រារឰឡើង ដើម្បីជាតង្វាយថ្វាយទៅ ចំពោះព្រះអាទិទេពដូចនៅប្រទេសឥណ្ឌា ដែលគេសម្តែងឈុតសាសនាមួយចំនួនទៅអាទិទេព ដែលទាក់ទិនទៅនឹងប្រវត្តិសាវតាររបស់ទេវតានៃព្រហ្មមញ្ញសាសនា ។ បន្ទាប់មកទៀតរបាំប្រពៃណីនេះ ក៏ត្រូវប្រារឰឡើងដើម្បីសម្តែងបង្ហាញបញ្ជាក់នូវទេវកថាទាក់ទិនទៅនឹងព្រះមហាក្សត្រ ដែលគេប្រៀបផ្ទឹមទៅនឹងចេស្តារបស់ព្រះអាទិទេព ឬមហាវីរបុរសជាតិ ដែលបានការពារទឹកដីវប្បធម៌ អារ្យធម៌ជាតិ ។ ពោលគឺរបាំព្រះរាជទ្រព្យ ឬរបាំហ្លួង (ស្តេច) នេះមានប្រវត្តិស្មើនឹងប្រវត្តិសាស្ត្រជាតិខ្មែរ ។
លោកបានបន្តថា លក្ខណសម្បត្តិរបស់អ្នករាំស្រីអប្សរ ឬអ្នករបាំខ្មែរ គឺការធ្វើត្រាប់យ៉ាងប៉ិនប្រសប់ស្ទាត់ជំនាញ ។ ដោយហេតុថា កាយវិការនីមួយៗដែលជាសិល្បៈសុទ្ធសឹងតែមានន័យយ៉ាងប្រាកដប្រជាច្បាស់លាស់ ។ ដូចនេះហើយឥរិយាបថរបស់អ្នករបាំ ខ្មែរមិនអាចកែប្រែជាដាច់ខាតពីសម័យមួយទៅសម័យមួយទៀត ។ កាយវិការសំខាន់ជាងគេក្នុងរបាំព្រះរាជទ្រព្យ ឬរបាំអប្សរ (អប្សរា) គឺចលនាក្បាល, ដងខ្លួន, ដៃ និងម្រាមដៃដែលត្រូវសិល្បករ ប្រារឰប្រមាណជា ២០០០ ឆ្នាំមកហើយ ដោយនិរន្តរភាពរបស់របបរាជាធិបតេយ្យ ។
នៅចុងសតវត្សរ៍ទី១៩ លោក និពន្ធ រ៉ូដាំង ដែលបានទស្សនារបាំព្រះរាជទ្រព្យ ដែលបានសម្តែងនៅប្រទេសបារាំងបានពន្យល់ថា ស្រីរបាំខ្មែរបានបង្ហាញចំពោះយើងនូវអ្វីដែលបុរាណកាលបានបន្សល់ទុកជាកេរដំណែល ។ បុរាណភាពរបស់របាំនេះ ក៏ដូចបុរាណភាពរបស់ជាតិយើងដែរ ។ យើងបានគយគន់របាំនេះអស់រយៈពេល ៣ ថ្ងៃតែប៉ុណ្ណោះ ក៏ប៉ុន្តែមានអារម្មណ៍ថា ហាក់បីដូចជាបានរស់នៅក្នុងអំឡុង ៣០០០ ឆ្នាំពីមុនអ៊ីចឹង ។ ក្នុងលោកយើងនេះ គ្មានមនុស្សជាតិណាទេ ដែលមានភាពស្ទាត់ជំនាញឥតខ្ចោះដូចអ្នករបាំខ្មែរ និងក្រិកនោះទេ ៕
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment