អាពាហ៍ពិពាហ៍ គឺជាពិធីមង្គលមួយយ៉ាងសំខាន់បំផុត ដោយហេតុថា ពិធីនេះមានអត្ថន័យដ៏ទូលំទូលាយណាស់ក្នុងគ្រួសារខ្មែរ គឺក្នុងពិធីនេះហើយដែលព្រឹទ្ធាចារ្យចាស់ទុំ ដែលជាឪពុកម្ដាយទាំងសងខាងរបស់កំលោះក្រមុំ ភ្ជាប់ផ្សំផ្គុំពួកគេដែលជាកូនឲ្យទៅស្វាមីភរិយាប្រចាំជីវិត ។ពាក្យអាពាហ៍នេះកើតចេញពីពាក្យសំស្ក្រឹតថា ’អាវាហី” ហើយមានន័យថា ការនាំកូនស្រីទៅខាងប្រុស ។ រីឯពាក្យពិពាហ៍វិញមានន័យថា ការនាំកូនប្រុសឲ្យទៅខាងកូនស្រី ហើយពាក្យនេះក៏កើតចេញពីភាសាសំស្ក្រឹតវិវាហី ។ តែចំពោះជនជាតិខ្មែរវិញ ខុសពីក្លិង្គគេមានទម្លាប់នាំកូនប្រុសទៅខាងកូនស្រីវិញ គឺចំណុចនេះហើយដែលចង្អុលឲ្យយើងដឹងថា ខ្មែរយើងនាសម័យអតីតកាលតែងនិយមស្រីជាធំក្នុងសង្គមជាតិ ។ បំណងធំរបស់ឪពុកម្ដាយ ចំពោះកូនគឺសុភមង្គលរបស់ប្ដីប្រពន្ធ ។ ពាក្យថា ប្ដី ឬស្វាមីមានន័យថា ម្ចាស់, លោកម្ចាស់ អ្នកចិញ្ចឹមបីបាច់ថែរក្សា ។ ចំណែកពាក្យថា ប្រពន្ធ ឬភរិយាវិញមានន័យថា បំណងមេត្រីរួមរឹត ។
ដូច្នេះបើនិយាយឲ្យខ្លីមក វត្ថុបំណងរបស់អ្នមានគុណទាំងឪពុកម្ដាយបង្កើត ទាំងឪពុកម្ដាយក្មេក គឺមានសេចក្ដីប្រាថ្នាឲ្យគូស្វាមីភរិយាស្រលាញ់គ្នា ប្រកបដោយសុខភាព សុខដុមរមនា សុភមង្គលចំពោះបុត្រាបុត្រីតែប៉ុណ្ណោះ តាំងពីពេលរៀបអាពាហ៍ពិពាហ៍រហូតដល់ចាស់ ពោលគឺពេលសក់ស្កូវ ឬបាក់ធ្មេញរៀងៗខ្លួន ។ បើនិយាយម្យ៉ាងទៀតគឺ ស្រលាញ់គ្នារហូតដល់ជីវិតក្ស័យតែម្ដង ។ ក្នុងករណីនេះហើយ ដែលបុព្វបុរសខ្មែរបានបង្កើតឡើង នូវពិធីការខ្លះដែលមានលក្ខណៈតឹងតែង និងអធឹកអធម ដើម្បីឲ្យស្វាមី-ភរិយាចងចាំទុកជាអនុស្សាវរីយ៍ កុំឲ្យភ្លេចពេលដែលខ្លួនគេទាំងពីរបានគ្នាជាប្ដី-ប្រពន្ធ ។ ម្យ៉ាងទៀតសូមរំលឹកឡើងវិញថា ភាពឱឡារឹកនៃពិធីអាពាហ៍ពិពាហ៍ខ្មែរ ដោយមានការចូលរួមពីសំណាក់ញាតិមិត្តជិតឆ្ងាយ ដែលជាភ្ញៀវផង និងជាសាក្សីដឹងឮផង ក៏ជាវិធីសាស្ត្រមួយដែរ ។ ទន្ទឹមជាមួយនេះវត្ថុបំណងមួយទៀតគឺ ដើម្បីឲ្យគូស្វាមីភរិយាពត់ចិត្តឲ្យចេះអត់ធ្មត់សង្កត់ចិត្ត សក្ដិសមនឹងពរសព្វសារធុការ ដែលបានទទួលនៅក្នុងច្បាប់រដ្ឋប្បវេណីខ្មែរ មានការយល់ព្រមពីអ្នកមានគុណទាំងសងខាង ។ក្នុងករណីនេះហើយ ដែលនាទីរបស់មេបាក្នុងនាមជាឪពុកម្ដាយខាងប្រុស ឬនាទីរបស់មេបាខាងស្រីមានសារសំខាន់ណាស់ ។ ម្យ៉ាងទៀតនាសម័យដើម គឺមានការកំណត់អាយុកាលដែរ ដែលប្រុសចាប់ពីអាយុ ១៧ ឆ្នាំ ចំពោះស្រីវិញពី ១៤ ឆ្នាំ ។ គេក៏កត់ត្រានូវពិធីលើកជំនូន ឬខាន់ស្លា ពិធីបែងចែកទ្រព្យតាមក្បួនប្រពន្ធទូលប្ដីរែក ។ នេះជាទំនៀមទំលាប់ដែលមានពីបុរាណកាលមក ។
ក្នុងការផ្សំផ្គុំបុត្រី និងបុត្រា គួររំលឹកឡើងវិញដែរ ដើម្បីឲ្យប្ដីប្រពន្ធចេះថែរក្សាគ្នា ដោយសុភមង្គល ចាស់ទុំខ្មែររមែងតែងជ្រើសរើសតាមតារាងផ្សំសម្ពង្ស និងតាមតារាងសម្ពង្សនាគ ដណ្ដឹងគូដែលជារបៀបមើលគូព្រេងបុរាណ ។ ម្យ៉ាងទៀតគេក៏ត្រូវមើលថ្ងៃខែ កំណើតតាមបទបែបបុរាណដូចជា របៀបមើលលក្ខណៈប្រុស-ស្រី ពិធីមើលវេលាជាដើម ដែលគេដកស្រង់តាមក្បួនពិភេក្សណ៍ ហោរា...។
រួមសេចក្ដីមក វត្ថុបំណងរបស់ឪពុកម្ដាយ ឬគូសា្វមីភរិយាគ្មានអ្វីក្រៅពីសេចក្ដីសុខសប្បាយ និងសិរីសួស្តីឡើយ សំរាប់ដំណើរជីវិតរបស់គេ ៕ (ម .ត្រាណេ និងពីពត៍មានCEN )
Monday, April 26, 2010
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment