១-សម័យមុននគរភ្នំ (៤០០ឆ្នាំ មុនគ.ស)
“ ខ្លែងឯក” ដែលមានឈ្មោះដើមថា “ខ្លែងព្នង” បានបង្កើតឡើងដោយបុព្វបុរសខ្មែរប្រមាណជា៤០០ឆ្នាំ មុនគ្រិស្ដសករាជសំរាប់បង្ហោះក្នុងពិធីបង្ហោះខ្លែងនារដូវច្រូតកាត់ ។ សម័យមុននគរភ្នំបុព្វបុរសខ្មែរមាន ជំនឿលើអ្នកតា ហើយជំនឿនោះនាំឱ្យដូនតាយើងតែងតែប្រារឰពិធីឡើងអ្នកតានៅដើមរដូវ វស្សាដើម្បីសុំទឹកភ្លៀងសំរាប់បង្កបង្កើនផល ហើយនារដូវច្រូតកាត់តែងតែប្រារឰពិធីបង្ហោះខ្លែងដើម្បីសម្ដែងនូវ ការដឹងគុណចំពោះអ្នកតាដែលបានជួយឱ្យភោគផលស្រូវដំណាំបានផលល្អ ។ ខ្លែងសម័យនោះ ឆ្អឹងធ្វើឡើងដោយឫស្សី និងតួខ្លែងពាស ដោយស្លឹកឈើ ដែលត្បាញដូចកន្ទេល ។
ពិធីបង្ហោះខ្លែងកើតឡើងផ្សារភ្ជាប់ជាមួយ នឹងវិស័យកសិកម្ម ។
២-សម័យនគរភ្នំ(ស.វទី១ដល់ទី៦)
ដើម ស.វនៃគ.ស រដ្ឋនគរភ្នំ ត្រូវបានបង្កើតឡើង ហើយដូនតាខ្មែរបានទទួលវប្បធម៌ឥណ្ឌា មានសាសនា អក្សរសិស្ប៍ សិល្បៈ ។ សម័យនគរភ្នំកសិកម្មមានការរីកចំរើនលូតលាស់ខ្លាំងដោយសារជោគជ័យខាង នយោបាយទឹក ។ អ្នកស្រុកចេះជីកព្រែកខ្វាត់ខ្វែងសំរាប់បង្ហូរទឹកជំនន់ទន្លេមេគង្គ ចោលចេញផង លាងសំអាតភក់ល្បប់ និងអំបិលដែលជ្រួតជ្រាបក្នុងដីផង និងសំរាប់ប្រើប្រាស់ជាគមនាគមន៍ផង ។ សេចក្ដីបញ្ជាក់ពីកសិកម្មរីកចំរើនតាមឯកសារចិន បានកត់ត្រាទុកថា “សាបព្រោះមួយឆ្នាំច្រូតកាត់បីរដូវ” ។ ពិធីបង្ហោះខ្លែងប្រហែលជាបានរៀបចំឡើងតាមជំនឿអ្នកតា និងព្រហ្មញ្ញសាសនា ដើម្បីសម្ដែងនូវការដឹងគុណ ចំពោះអ្នកតា និងព្រះពាយ ដែលបានជួយឱ្យការដាំដុះទទួលផលបានច្រើន ។ សម័យនោះខ្មែរប្រកាន់យករបបមាតាធិបតេយ្យ ទើបខ្លែងត្រូវបានចាត់ទុកថាជាមេឬព្រះមហាក្សត្រិយានី ។ ខ្លែងព្នងក៏ត្រូវបានអ្នកស្រុក ហៅថា ខ្លែងមេកូន គឺមេជាព្រះមហាក្សត្រិយានី កូនជាប្រជារាស្ដ្រ ។
៣- សម័យចេនឡា (ស.វ ទី៧ ដល់ ទី៨)
សម័យចេនឡា នយោបាយទឹកមានភាពរឹងរឹតតែប្រសើរឡើងថែមទៀត ញ៉ាំងឱ្យមានការកសាងទីក្រុងធំៗនៅក្បែរមាត់ស្ទឹង និងញ៉ាំងឱ្យកសិកម្មកាន់តែមានការរីកចំរើន ឯពិធីបង្ហោះខ្លែងទំនងជាបានរៀបចំឡើង ប្រសើរជាងសម័យនគរភ្នំ ។
ប៉ុន្ដែ នៅពេលដែលចេនឡាគ្មានស្ថិរភាព នយោបាយនាស.វទី៨ ដោយទឹកដីត្រូវបានបែងចែកជាពីរ គឺចេនឡាដីគោក និងចេនឡា លិចទឹក ហើយប្រទេសជាតិក៏ធ្លាក់ក្រោមការត្រួតត្រានៃពួកជ្វាថែមទៀត នាំឱ្យអ្នកស្រុកពុំបានទទួលសេចក្ដីសុខក្សេមក្សាន្ដ ដូច្នេះពេលនោះប្រហែលជាពុំមានឱកាសរៀបចំពិធីបង្ហោះខ្លែងឡើយ ។
៤- សម័យអង្គរ (គ.ស៨០២ ដល់ ១៤៣១)
សម័យអង្គរ ជាសម័យដ៏រុងរឿងបំផុតនៃប្រវត្ដិសាស្ដ្រខ្មែរបានផ្ដើមឡើងនាគ.ស ៨០២ ដោយវីរមហាក្សត្រខ្មែរ គឺព្រះបាទជ័យវរ្ម័នទី២ បន្ទាប់ពីព្រះអង្គបានរំដោះប្រទេសផុតពីការត្រួតត្រារបស់ពួកជ្វា មក។ ក្នុងសម័យអង្គរប្រជានុរាស្ដ្របានសុខក្សេមក្សាន្ដ និងមានចិត្ដជ្រះថ្លាគោរពតាមជំនឿ ព្រហ្មញ្ញសាសនានិងព្រះពុទ្ធសាសនា ចូលរួម ដោយក្ដីរីករាយបំផុតក្នុងការកសាងប្រាសាទល្អៗវិចិត្រ ព្រមទាំងផ្លូវថ្នល់ ស្ពានពេញផ្ទៃប្រទេស ។ ភាពរុងរឿងនោះ ដោយសារនយោបាយទឹកត្រឹមត្រូវ មានការជីកបារាយណ៍ធំៗ ប្រឡាយទឹក ធ្វើឱ្យមានទឹកបរិបូណ៌ ញ៉ាំងឱ្យកសិកម្មលូតលាស់ជាអតិបរមា ហើយជីវភាពរបស់ប្រជារាស្ដ្របានស្គាល់នូវភាពសម្បូណ៌សប្បាយរុងរឿង យ៉ាងពិតប្រាកដ ។ តាមលោកជីវតាខ្វាន់ អ្នកការទូតចិន ដែលបានមកកាន់អង្គរនាគ.ស១២៩៦-១២៩៧ បានឱ្យដឹងថា ខ្មែរសម័យអង្គរអាចធ្វើស្រែបាន៣ឬ៤ដងក្នុងមួយឆ្នាំ ។
ដោយសារកសិកម្មរីកលូតលាស់ ពិធីបង្ហោះខ្លែងជាព្រះរាជពិធីមួយដ៏សំខាន់ ដែលជារៀងរាល់ឆ្នាំ តាមជំនឿព្រហ្មញសាសនា ទាក់ទងនឹងកសិកម្ម ព្រះមហាក្សត្រខ្មែរបានប្រារឰពិធីច្រត់ព្រះនង្គ័លនាដើមរដូវវស្សា ដើម្បីគោរពទេព្ដាដី និងជាព្រះរាជកិច្ច បើករដូវធ្វើស្រែចំការ ហើយនាដើមរដូវប្រាំងប្រារឰពិធីបង្ហោះខ្លែងដើម្បីសម្ដែងនូវការគោរព និងដឹងគុណចំពោះព្រះពាយ ក្នុងការបង្កធាតុអាកាសល្អសំរាប់អ្នកស្រុកច្រូតកាត់ប្រមូលផល ។ យោងតាមសិលាចារឹក គ.ស៩៧២ បានឱ្យដឹងថា នាសម័យអង្គរ ខ្លែងជាវត្ថុសក្ការៈ ។
ប៉ុន្ដែភាពថ្កុំថ្កើងខ្ពង់ខ្ពស់បំផុតនៃ សម័យអង្គរ បានបញ្ចប់ទៅវិញជាមួយនឹងភាពសោកសៅដ៏ជូរចត់ក្នុងប្រវត្ដិសាស្ដ្រ ខ្មែរនាគ.ស ១៤៣១ ដោយសារទ័ពសៀមសម័យក្រុងអយុធ្យាវាយលុកចូលក្រុងអង្គរ បង្កឱ្យបែកបាក់សង្គមគ្រួសារខ្មែរ រហូតដល់ត្រូវចាកចោលនាឆ្នាំ១៤៣២ ដោយព្រះបាទចៅពញាយ៉ាត។ ចាប់ពីពេលនោះមក អារ្យធម៌ខ្មែរ ចុះអន់ថយ និងផ្នែកខ្លះនៃវប្បធម៌ខ្មែរត្រូវ បាត់បង់ និងបាត់តម្លៃដូចជា សិល្បៈ ប្រពៃណី ទំនៀមទំលាប់ ក្នុងនោះខ្លែងត្រូវបានគេបំភ្លៃ ឱ្យយល់ថា ជាវត្ថុចង្រៃទៅវិញ ហើយព្រះ រាជពិធីបង្ហោះខ្លែងក៏ពុំប្រារឰតាំងពីពេលនោះមក។
៥- រជ្ជកាលព្រះបាទសត្ថាទី១ (គ.ស ១៥៧៦-១៥៩៥)
រហូតមកដល់ រជ្ជកាលព្រះសត្ថាទី១ ទើប មានអ្នកស្រុកខ្មែរបង្ហោះខ្លែងឡើងវិញ ។ ភស្ដុតាងគឺនាឆ្នាំ១៥៩០ ជនជាតិព័រទុយហ្គេ ម្នាក់ឈ្មោះ Quiroga de San Antonio បានមកទស្សនាស្រុកខ្មែរ សរសេរថា ខ្មែរបង្ហោះ ខ្លែងដែលមានឆ្អឹងធ្វើពីដើមបបុស តួខ្លែង ពាសដោយក្រដាស ហើយខ្លែងនោះបន្លឺ សម្លេងយ៉ាងពីរោះពេលហោះឡើងលើ អាកាស ។
ទោះបីមានការបង្ហោះខ្លែងឡើងវិញក៏ ដោយ ក៏ពុំមានព័ត៌មានឱ្យដឹងប្រាកដថា មហាក្សត្របានប្រារឰព្រះរាជពិធីបង្ហោះ ខ្លែងឡើយ ។
៦- រជ្ជកាលព្រះបាទស្រីសុរិយោពណ៍ (គ.ស ១៦០៣-១៦១៨)
ពីគ.ស ១៦០៣ ដល់១៦១៨ ក្នុងរជ្ជកាល ព្រះបរមរាជាស្រីសុរិយោពណ៍ មានព័ត៌មាន ឱ្យដឹងថា ព្រះមហាក្សត្របានប្រារឰព្រះរាជ ពិធីបង្ហោះខ្លែងឡើងវិញ ប៉ុន្ដែតាមជំនឿព្រះ ពុទ្ធសាសនា ។
៧-រជ្ជកាលព្រះបាទអង្គឌួង (គ.ស ១៨៤០-១៨៥៩)
ព្រះបាទអង្គឌួង ជាព្រះរាជាមួយអង្គ ប្រកបដោយទសពិធរាជធម៌ យកព្រះទ័យទុក ដាក់បំផុតខាងព្រះពុទ្ធសាសនា និងរៀបចំឱ្យ មានសន្ដិភាពក្នុងប្រទេស ។ ព្រះអង្គបាន កសាងប្រទេសឡើងវិញ ដោយលើកតម្កើង ជីវភាពប្រជារាស្ដ្រ និងលើកផ្លូវមួយពីរាជ ធានីឧដុង្គទៅកំពតដើម្បីភ្ជាប់កំពង់ផែសមុទ្រ និងផ្លូវ មួយទៀតពីឧដុង្គទៅកំពង់ហ្លួង ដែល ជាកំពង់ផែដ៏សំខាន់តាមមាត់ទន្លេ ។ ក្នុងការ ការពារសម្បត្ដិធម្មជាតិ ព្រះអង្គបានហាមការ បរបាញ់សត្វ និងមិនឱ្យនេសាទត្រីដោយប្រើ ព្រួលរាំងពេញព្រែកឡើយ ។ ខាងវិស័យវប្ប ធម៌ ព្រះបាទអង្គឌួង បានបង្កើតសាលាតាម វត្ដជាច្រើន និងលើកទឹកចិត្ដអ្នកប្រាជ្ញកវី ដើម្បីជួយលើកតម្កើងអក្សរសាស្ដ្រខ្មែរ ។ ព្រះអង្គជាអ្នកនិពន្ធដ៏ឆ្នើមមួយរូប ខាងផ្នែក អក្សរសិល្ប៍ខ្មែរ ។
រៀង រាល់ឆ្នាំ ចាប់ពីថ្ងៃ ១២កើត ដល់ថ្ងៃ ១៥កើត ខែមិគសិរ នៅក្នុងវាំងនារាជធានី ឧដុង្គ ព្រះបាទអង្គឌួងតែងប្រារឰព្រះរាជពិធី បង្ហោះខ្លែងតាមបែបព្រះពុទ្ធសាសនា ដោយ មានសង់រោងពិធី៥អន្លើ ហើយនិមន្ដព្រះសង្ឃ រាជាគណៈចំរើនព្រះបរិត្ដនៅគ្រប់រោងទាំង ៥ ដែលមានតាំងគោម និងខ្លែងចំនួន៥ ។ ព្រះ រាជពិធីនេះ ប្រារឰឡើងដើម្បីឧទ្ទិសដល់ព្រះ ចូឡាមណីចេតិយ និងដើម្បីបួងសួងកុំឱ្យមាន ភ្លៀងឬទឹកជំនន់ក្នុងឱកាសច្រូតកាត់ ព្រម ទាំងដើម្បីសុភមង្គល និងសុខសន្ដិភាព សំរាប់ អ្នកស្រុកទូទាំងនគរខ្មែរ ។
ចាប់តាំងពីព្រះបាទអង្គឌួងសោយទិវង្គត នាឆ្នាំ១៨៥៩ទៅ ពិធីបង្ហោះខ្លែងពុំមានព្រះ មហាក្សត្រជំនាន់ក្រោយៗ រៀបចំជាព្រះរាជ ពិធីទៀតឡើយ ។ ប៉ុន្ដែសកម្មភាពបង្ហោះ ខ្លែង អ្នកស្រុកនៅតែបង្ហោះកំសាន្ដសប្បាយ នារដូវច្រូតកាត់រៀងរាល់ឆ្នាំរហូតដល់គ.ស ១៩៧០ ។
៨-សម័យ សង្គមរាស្ដ្រនិយម(គ.ស ១៩៥៣- ១៩៧០)នាគ.ស ១៨៦៣ គឺបួនឆ្នាំក្រោយពីព្រះ បាទអង្គឌួងសោយទិវង្គត នគរខ្មែរយើងបាន ធ្លាក់ក្រោមអាណាព្យាបាលបារាំង ។ ចាប់ពី ពេលនោះមក សកម្មភាពបង្ហោះខ្លែងរបស់ អ្នកស្រុកមិនទៀងទាត់ឡើយ ព្រោះកំរិតជីវ ភាពមិនសម្បូរសប្បាយ និងពុំមានសេរីភាព។ ប៉ុន្ដែព្រឹទ្ធាចារ្យ និងវត្ដលោកមានតួនាទីសំខាន់ ណាស់ក្នុងការថែរក្សាវប្បធម៌ជាតិ ក្នុងនោះ ក៏មានប្រពៃណីនៃការបង្ហោះខ្លែងផងដែរ ។ អ្នកស្រុកខ្មែរបានចំណាយពេលរងទុក្ខវេទនា ជិត១០០ឆ្នាំ រស់នៅក្រោមអាណាព្យាបាលរបស់បារាំង។
ថ្ងៃទី៩ វិច្ឆិកា ១៩៥៣ ប្រទេសជាតិទទួល បានឯករាជ្យឡើងវិញ ដោយសារស្នាព្រះ ហត្ថសម្ដេចព្រះឧបយុវរាជនរោត្ដមសីហនុ។ ចាប់ពីពេលនោះមកដល់គ.ស១៩៧០ ប្រទេស ជាតិមានការរីកចំរើនលើគ្រប់វិស័យ និង ល្បីពេញពិភពលោកថា ព្រះរាជាណាចក្រ កម្ពុជា ជាកោះសន្ដិភាព ។ វិស័យកសិកម្មមាន ការរីកចំរើន និងបាននាំចេញអង្ករទៅលក់នៅ បរទេសក្នុងមួយឆ្នាំ៥០០.០០០តោន ឯជីវភាពរបស់ប្រជារាស្ដ្រសម្បូរសប្បាយនិង ថ្លៃថ្នូរ ។ ដោយសារកសិកម្មមានការរីកចំរើន បែបនោះហើយ បានជាអ្នកស្រុកខ្មែររីករាយ នាំគ្នាបង្ហោះខ្លែងគ្រប់ប្រភេទនៅតាមវាល ស្រែចំការនារដូវច្រូតកាត់ និងក្រោយការច្រូត កាត់ ។ ពេលយប់ក្រោយពីបញ្ចប់ការបោក បែន អ្នកភូមិនាំគ្នាយកខ្លែងគោម ខ្លែងព្នង ទៅបង្ហោះ រួចហើយពួកគាត់ត្រឡប់មកដេក ស្ដាប់សម្លេងឯកតាមផ្ទះរៀងខ្លួន ឬប្រមូល គ្នាស្ដាប់សម្លេងឯកនៅទីណាមួយ ដោយមាន ដុតដំឡូង ឬក្រឡានទទួលទានយ៉ាងសប្បាយ ទៀតផង ។ ពេលថ្ងៃ កុមារា-កុមារីតែងនាំ គ្នាបង្ហោះខ្លែងកណ្ដូង ខ្លែងកន្ទោង ខ្លែងប្របៅ និងខ្លែងក្នស់ ដោយទឹកមុខញញឹមស្រស់ ។ ប៉ុន្ដែសង្គ្រាមជាងពីរទសវត្សចាប់តាំងពីឆ្នាំ ១៩៧០ ព្រមទាំងរបបខ្មែរក្រហមបានធ្វើឱ្យ អ្នកស្រុកខ្មែរអត់បាយ បែកបាក់ ស្លាប់ និង និរាសព្រាត់គ្រួសារ ។
វប្បធម៌ខ្មែររលត់ជាថ្មី ហើយសកម្មភាព បង្ហោះខ្លែងក៏បាត់បង់ទៅ ។
៩-ខ្លែងឯក ពីគ.ស ១៩៩៤-២០០៤
ឆ្នាំ១៩៩២ មានសេសសល់ព្រឹទ្ធាចារ្យ ចាស់ៗមួយចំនួនតូចដែលស្រឡាញ់ខ្លែង បាន ខិតខំធ្វើខ្លែងឯកបង្ហោះឡើងវិញ តែមានការ ប្រុងប្រយ័ត្នបំផុត ព្រោះតាមវាលស្រែចំការ មួយចំនួននៅមានសេសសល់គ្រាប់មីន ។ ថ្ងៃ ទី៣១ ខែធ្នូ ១៩៩៤ រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអនុញាតឱ្យរៀបចំ មហោស្រពខ្លែងលើកទី១ តាមគំនិតផ្ដួចផ្ដើម និងការស្នើសុំរបស់លោកស៊ឹម សារ៉ាក់ ដោយ ប្រមូលបានអ្នកស្នេហាខ្លែងចំនួន២៧នាក់ មកពីខេត្ដចំនួន៩ ជួបជុំគ្នានៅមាត់ទន្លេ បាសាក់(បច្ចុប្បន្នជាសួនច្បារសម្ដេចហ៊ុន សែន) រាជធានីភ្នំពេញ ។ ចាប់តាំងពីពេល នោះខ្លែងព្នងឬខ្លែងឯកបានរស់ឡើងវិញ ហើយមហោស្រពបង្ហោះខ្លែងក៏បានប្រារឰ ឡើងរៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ១៩៩៩មកទល់ បច្ចុប្បន្ន ។ ខ្លែងឯកមិនត្រឹមតែបានរស់ឡើង វិញធ្វើឱ្យខ្មែរជំនាន់ក្រោយបានស្គាល់ និង ស្រឡាញ់ប៉ុណ្ណោះទេ ថែមទាំងបានផ្សព្វ ផ្សាយនូវនិមិត្ដរូប សន្ដិភាព សុភមង្គល និង ក្លាយជាអត្ដសញាណវប្បធម៌ខ្មែរហើយល្បី ល្បាញលើឆាកអន្ដរជាតិទៀតផង ។ ចាប់ ពីឆ្នាំ១៩៩៤មក ខ្លែងឯកបានចូលរួមមហោ ស្រពខ្លែងអន្ដរជាតិ ចំនួន១៧ដង ដូចជាមហោ ស្រពខ្លែងនៅប្រទេសបារាំង អ៊ីតាលី អង់គ្លេស ឥណ្ឌា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងវៀតណាម ។
ការរស់ឡីងវិញនៃ ខ្លែងឯកជាការបញ្ជាក់ ថា មាតុភូមិកម្ពុជាមានសន្ដិភាព និង សុភមង្គលសំរាប់អ្នកស្រុកខ្មែរ ។
១០-លក្ខណសម្បត្ដិពិសេសរបស់ “ខ្លែងឯក”
ក-ខ្លែងឯកបំពាក់ដោយឯក ដែលជា ឧបករណ៍ភ្លេង បន្លឺបានច្រើនសម្លេងយ៉ាង ពីរោះ ពេលហោះឡើងលើអាកាស ។
ខ-ការ បង្ហោះខ្លែងឯកកំសាន្ដសប្បាយ គឺការបង្ហោះជាសហគមន៍ ។
គ-ពេល អ្នកស្រុកមានឱកាសបង្ហោះ ខ្លែង គឺបង្ហាញឱ្យដឹងថា អ្នកស្រុកមានសេរីភាព និង ប្រទេសជាតិមានសន្ដិភាព ។
ឃ-ខ្លែងឯក តំណាងឱ្យមានមាតាខ្មែរ ឬអ្នកដឹកនាំប្រទេសខ្មែរ ។
សមដូចព្រះរាជសម្ភារបានសរសេរក្នុង ច្បាប់ព្រះរាជនេតិនាសតវត្សទី១៧ “ខ្លែង ហើរដ្បិតខ្យល់ មេថ្កើងដ្បិតពល រក្សាឱ្យសុខ ទ្រព្យគ្រង់ដ្បិតស្រី ចេះសំចៃទុក ផ្ទះធំស្រណុក ដ្បិតភរិយាជា” ៕ (ដកចេញពីការសែតកោះសន្តិភាពថៃ្ងទី26/04/2010)
Monday, April 26, 2010
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment